
ប្រសិនបើលោកមានបំណងទៅលេងឆ្នេរសមុទ្រទៅព្រឹកវិលល្ងាច យើងសូមបង្ហាញរមណីយដ្ឋាន ៣កន្លែង ដែលមានចម្ងាយមិនដល់ ២០០គីឡូម៉ែត្រពីភ្នំពេញនោះទេ គឺឆ្នេរអង្កោល ឆ្នេរនេសាទ និងឆ្នេរតាបារាំង។
ឆ្នេរអង្កោល ខេត្តកែប
ឆ្នេរអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គឺជាឆ្នេរមួយដែលមានឆ្នេរខ្សាច់ពណ៌សក្បុស និងមានទេសភាពដ៏ស្រស់ស្អាតដោយមានដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។ ឆ្នេរនេះមានប្រវែងប្រមាណ ១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុងកែប។
សម្រាប់ការកម្សាន្តនៅឆ្នេរនេះ គឺភ្ញៀវអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក កោះស្វាយ និងកោះត្បាល់, លេងទឹក, គយគន់ថ្ងៃរះថ្ងៃលិច, បោះជំរុំឬបោះតង់, ស្ទូចត្រី, ញុំអាហារលើកញ្ចុះ និងពិកនិច។
ចំពោះការធ្វើដំណើរចេញ បើចេញពីផ្លូវបែកគុស តាមផ្លូវជាតិលេខ៣១ គឺទៅដល់ជិតផ្សារកំពង់ត្រាច មានផ្លូវបត់ឆ្វេងមួយដែលជាផ្លូវលេខ៣៣ ចុះតាមផ្លូវនេះរហូតដល់ផ្លូវបំបែកបត់ស្តាំតាមផ្លូវលេខ ១៣៣២ រហូតដល់មានផ្លាកបង្ហាញនៅខាងឆ្វេងដៃ រួចចុះតាមផ្លូវនេះនឹងទៅដល់ឆ្នេរអង្កោលហើយ។
ឆ្នេរនេសាទ ខេត្តកោះកុង
សម្រាប់អ្នកនៅរាជធានីភ្នំពេញ អាចធ្វើដំណើរតាមផ្លូវល្បឿនលឿនរហូតដល់ច្រកចេញស្រែអំបិល ហើយឡើងតាមផ្លូវជាតិលេខ៤៨បន្តិច នឹងទៅដល់ចំណុចច្រមុះជ្រូក។ មកដល់ចំណុចនេះ ចូលតាមច្រកផ្លូវខាងឆ្វេងដៃ និងធ្វើដំណើរបន្តិចនឹងទៅដល់កន្លែងដែលមានផ្លូវបត់ឆ្វេងម្តុំសាលាស្រុកស្រែអំបិល។ បត់ឆ្វេងតាមផ្លូវនេះរហូតដោយធ្វើដំណើរចម្ងាយប្រហែល ២០គីឡូម៉ែត្រ នឹងទៅដល់ឆ្នេរនេសាទហើយ។
ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។ ឆ្នេរដែលស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុងនេះ សម្បូរទៅដោយដើមដូងខ្ពស់ៗដែលរំលេចនូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យ រៀបលិច ដែលធ្វើឱ្យសម្រស់ឆ្នេរកាន់តែមានភាពទាក់ទាញខ្លាំងដូចពណ៌មាស ដែលស័ក្ដិសមជាទីកន្លែងដ៏ល្អ សម្រាប់ ភ្ញៀវទេសចរមករំសាយរាល់ទុក្ខកង្វល់ទាំងឡាយនាថ្ងៃឈប់សម្រាក។ ជាមួយគ្នានេះ ក៏មានកន្លែងកុម្មង់ម្ហូបអាហារនិងផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ថែមទៀតផង។
ឆ្នេរតាបារាំង ខេត្តព្រះសីហនុ
ដូចគ្នាដែរ សម្រាប់អ្នកនៅរាជធានីភ្នំពេញ អាចធ្វើដំណើរតាមផ្លូវល្បឿនលឿន ឬផ្លូវជាតិលេខ៤។ បើតាមផ្លូវជាតិ៤ គឺដល់បង្គោលគីឡូម៉ែត្រលេខ១៦៣ និងហួសបន្តិច មានផ្លូវបត់ស្តាំ ហើយធ្វើដំណើរតាមផ្លូវនេះកាត់តាមចម្ការដូងប្រេង ចម្ការកៅស៊ូ កាត់ព្រៃ កាត់ភូមិ និងផ្លូវលំ ចម្ងាយជិត ៣០គីឡូម៉ែត្រនឹងទៅដល់ឆ្នេរតាបារាំងហើយ ដែលរមណីយដ្ឋាននេះ ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឆ្នេរតាបារាំងនេះ ពិតជាមានទេសភាពស្អាតខ្លាំង មិនចាញ់កោះរ៉ុងប៉ុន្មាននោះទេ។ ឆ្នេរនេះមានខ្សាច់សក្បុស ទឹករាក់ស្រួលលេង និងមានខ្យល់បរិសុទ្ធធម្មជាតិត្រជាក់កាយតែម្ដង ស្ងប់ស្ងាត់ ជាមួយទេសភាពស្រស់ត្រកាល។ លោកអ្នកអាចចុះថតរូបលេង ជាមួយវាលស្មៅខ្ពស់ទាបយ៉ាងក្រាស់ដេលដាស មើលទៅដូចនៅបរទេសអ៊ីចឹង។ តែយ៉ាងណា លោកអ្នកអាចយកនំចំណីសម្រាប់ទៅញ៉ាំទីនោះបាន ព្រោះការលក់ដូរមិនទាន់សំបូរនោះឡើយ៕
ចែករំលែកបន្ត ៖

+(855) 16 705 118
#PA59, Street RailwayBorey Piphop Thmei Chhuk Var 2Kakap village, Sangkat Kakab 2Khan Posenchey, Phnom Penh, Cambodia
សហការរៀបចំដោយ៖