ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» - Copy

ព័ត៌មានថ្នាក់ខេត្ដ
កុម្ភៈ ២៥ ២០២៥
៧៧
https://cms-banlung.analyticalx.org/uploads/topics/c17409884138456.jpg
នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្រុង-ស្រុកទាំង១៣ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា កក្រក ខេត្ត អ្នកស្ម័គ្រចិត្ត យុវជន កក្រក និងបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុក្រោម២ឆ្នាំ សរុបចំនួន ២២៧ នាក់ មកពីសង្កាត់ចំនួន ១០ នៅក្នុងក្រុងតាខ្មៅ។
មានប្រសាន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការងារឥស្សរជាឆ្នើម គឺជាការងារដ៏មានសារសំខាន់បំផុតដែលផ្តោតលើការថែទាំសុខភាពរបស់ស្ត្រី ជាមាតា ទារក កុមារ និងយុវវ័យ របស់បងប្អូនអ្នករស់នៅតាមសហគមន៍។ នៅឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខាជាជំនួយការ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុង-ស្រុកទាំង១៣ អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តរាល់ការអំពាវនាវទាំង ៦ចំណុច ដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។
ឯកឧត្ដមបានបន្តថា គោលនយោបាយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) គឺកម្មវិធីជំនួយសង្គមកំពុងអនុវត្តមានចំនួន៥រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើង ជនមានពិការភាព អ្នកមានផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ និងកម្មវិធីផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ឯកឧត្ដមក៏បានអំពាវនាវចំពោះស្ថាប័នពាក់ព័ន្ធទាំងឡាយ មានគ្រឹះស្ថានសាធារណៈ និងឯកជនដែលផ្តល់សេវាសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប..។ល។ ដៃគូអភិវឌ្ឍ និងអង្គការពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ រួមគ្នាអនុវត្ត តាមវិធានការគន្លឹះទាំង៦ចំណុច ដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ។ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តតាមការណែនាំឱ្យបានត្រឹមត្រូវតាមកាលកំណត់ ដើម្បីសុខភាពទាំងម្តាយ និង ទារក ព្រមទាំងដើម្បីសុខភាពកុមារ ដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត និងដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏ដូចជាសង្គមយើងដែរ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ ជនរងនូវហានិភ័យនានា ឱ្យបានច្បាស់លាស់ និងកំណត់មុខសញ្ញាផ្តល់ជូនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងលិខិតបទដ្ឋាននានា។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ត្រូវបន្តយកចិត្តទុកដាក់ តាមដានសុខភាពខ្លួនឯង និងកុមារ ឱ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។
សម្ភារ និងថវិកាដែលសាខាបានផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុក្រោម២ឆ្នាំ ទាំង ២២៧នាក់មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,មី ១កេស និងថវិកាចំនួន ៥ម៉ឺនរៀល៕
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd